ខ្មែរ៤នាក់ត្រូវបានដោះលែងជាថ្នូរនឹងការលែងថៃ២នាក់
Bunlin | ពត៌មានខ្មែរ | សីហា 29th, 2008
ខ្មែរ៤នាក់និងជនជាតិថៃ២នាក់ត្រូវបានកម្លាំងការពារព្រំដែន ខ្មែរថៃដោះដូរ និងអនុញ្ញាតឲ្យទៅផ្ទះរៀងៗខ្លួនវិញហើយ កាលពីវេលាម៉ោង ៦:៣០ នាល្ងាចថ្ងៃទី២៨ សីហា ក្រោយពីមានការចរចាដ៏តឹងតែង ។
លោក ម៉ៅ រ៉ៃ មេបញ្ជាការវរសេនាតូចការពារព្រំដែន៨០៧ បានថ្លែងថា ការយល់ព្រមរបស់ភាគីថៃគឺបន្ទាប់ពីកម្ពុជាបានដាក់លក្ខខណ្ឌថា បើភាគីថៃមិនដោះលែងពលរដ្ឋខ្មែរ៤នាក់នោះទេ ជនជាតិថៃ២នាក់ដែលកម្ពុជាឃាត់ទុកជាថ្នូរនោះ នឹងត្រូវបញ្ជូនឡើងទៅតុលាការខ្មែរអនុវត្តតាមច្បាប់កម្ពុជា ។
លោក ម៉ៅ រ៉ៃ បានឲ្យដឹងថា ៖ «បើកុំយើងឃាត់ខ្លួនភាគីថៃបាន យើងអត់មានព្រាបអី ដែលត្រូវនិយាយដោះដូរបានទេ អត់តែម្ដង ព្រោះពេលដែលជជែកគ្នាខ្ញុំសួររកប្រជាពលរដ្ឋខ្ញុំ ថាគេធ្វើសំណុំឯកសារបញ្ជូនទៅតុលាការហើយកាត់ទោស ហើយកាត់ទោសហ្នឹងគេត្រូវផាកពិន័យគោយន្តមួយគ្រឿង គេឲ្យបង់១ម៉ឺនបាត» ។
ពលរដ្ឋខ្មែរទាំង៤នាក់ដែលតម្រួតថៃចាប់ កាលពីវេលាម៉ោង ៦:៣០នាទី ព្រឹកថ្ងៃទី២៦ ខែសីហានោះ មានឈ្មោះ ឆៅ ឈា អាយុ១២ឆ្នាំ ឈ្មោះ លោត លាញ់ អាយុ១៦ឆ្នាំ ឈ្មោះ កាន សេត អាយុ១៥ឆ្នាំ និងឈ្មោះ ថា រិន អាយុ១៨ឆ្នាំ ។ អ្នកទាំង៤នាក់រស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានថៃចាប់ខណៈដែលពួកគេបើកគោយន្ត២គ្រឿងដឹកអីវ៉ាន់ឲ្យថៅកែ ថៃ ។
ជនជាតិថៃ២នាក់ គោយន្ត២គ្រឿង ក៏ត្រូវបានភាគីកម្ពុជាឃាត់ខ្លួនទុកវិញដែរ កាលពីវេលាម៉ោង៦ព្រឹក នាថ្ងៃទី២៧ ខែសីហា នៅច្រកប្រាសាទត្បែងទឹកដីខ្មែរជាប់ច្រកសូន្យសាមថៃ ក្បែរជើងភ្នំដងរ៉ែកក្នុងខេត្តបន្ទាយមានជ័យ ។
ការឃាត់ខ្លួនជនជាតិថៃនេះគឺបានធ្វើឡើងបន្ទាប់ពីតម្រួតថៃបាន ចាប់ពលរដ្ឋខែ្មរ៤នាក់ និងគោយន្ត២គ្រឿង ហើយថៃបដិសេធមិនព្រមដោះលែងតាមការស្នើសុំរបស់កម្ពុជា ។
លោក ម៉ៅ រ៉ៃ បានថ្លែងថា ៖ «ព្រោះបទពិសោធន៍ពេលកន្លងទៅបីបួនខែ មុននៅស្រុកស្វាយចេក ចាប់គោយន្តដឹកដំឡូងប្រជាពលរដ្ឋយើង២គ្រឿង រហូតមកដល់ថ្ងៃនេះអត់ទាន់ឃើញដោះលែងមកឲ្យយើងវិញផង» ។
លោក សាយ វណ្ណារ៉េត មេបញ្ជាការកង៥០៣ការពារព្រំដែន បានមានប្រសាសន៍ថា ភាគីថៃកម្ពុជានៅតែរក្សាទំនាក់ទំនងល្អជាមួយគ្នា ប៉ុន្តែមានការរឹតបណ្តឹងនៅតាមច្រកចេញចូលមួយចំនួន ។
លោក សាយ វណ្ណារ៉េត បានមានប្រសាសន៍ថា ៖ «កន្លែងខ្លះដែលមើលទៅ ដូចថា ការចេញចូលវាមិនធានាសន្តិសុខ អ៊ីចឹងកម្លាំងជួរមុខក៏គេរឹតបន្តឹងដែរ គេមិនឲ្យយើងទៅដែរ» ។
បើតាមលោក ម៉ៅ រ៉ៃ មេបញ្ជាការវរសេនាតូច៨០៧ការពារព្រំដែន បានឲ្យដឹងថាដោយសារកម្ពុជាឃាត់ខ្លួនជនជាតិថៃ២នាក់ធ្វើជាថ្នូរ ក្នុងការដោះលែងពលរដ្ឋខ្មែរ៤នាក់មកវិញនោះ ភាគីថៃបានគំរាមបិទច្រករបៀងមួយចំនួននៅតាមព្រំដែនក្នុងខេត្ត បន្ទាយមានជ័យជាប់ខេត្តស្រះកែវថៃ ប៉ុន្តែការគំរាមនេះបានស្ងាត់ស្ងៀមទៅវិញ បន្ទាប់ភាគីកម្ពុជាដាក់លក្ខខណ្ឌថា នឹងបញ្ជូនជនជាតិថៃទាំង២នាក់ទៅតុលាការអនុវត្តតាមច្បាប់កម្ពុជា ៕
Leave a Reply