ជំងឺ​គ្រុន​ឈាម​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​ខេត្ត​សៀមរាប

មន្រ្តី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​នៃ​ក្រសួង​សុខាភិបាល​បាន​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ ២០០៨ នេះ ថា ជំងឺ​គ្រុន​ឈាម​កំពុង​ធ្វើការ​រាតត្បាត​ធ្ងន់ធ្ងរ​នៅ​ខេត្ត​សៀមរាប ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​មាន​ករណី​ស្លាប់​បាត់បង់​ជីវិត​ណា​មួយ​ទេ បើ​តាម​ការអង្កេត​ដែល​អ្នក​ជំងឺ​បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៃ​ ខេត្ត​នេះ ។

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម លោក​វេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បាន​បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ថា ការរាតត្បាត​ជំងឺ​គ្រុន​ឈាម​នៅ​ខេត្ត​សៀមរាប នៅតែ​បន្ត​ការកើន​ឡើង​ខុស​ធម្មតា ហើយ​ឥឡូវ​នេះ​ភ្នាក់ងារ​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​កំពុងតែ​ធ្វើ ​បទ​អន្តរាគមន៍​ជា​បន្ទាន់​នៅ​ទី​នោះ ដូច​ជា​ធ្វើការ​ដាក់​ថ្នាំ​អាបែត​កម្ចាត់​សត្វ​មូស​ខ្លា​ដែល​ជា​ភ្នាក់ងារ​ ចម្លង​មេរោគ​គ្រុន​ឈាម ព្រមទាំង​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការរក្សា​អនាម័យ​សម្អាត​ លំនៅឋាន​ជាដើម ។

លោក​វេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា បាន​មាន​ប្រសាសន៍​ថា ៖ «បើសិន​ជា​ ភ្នាក់ងារ​សុខាភិបាល​យើង ចុះ​ដាក់​អាបែត ឲ្យ​គាត់​ទទួល​យក កុំ​ឲ្យ​ភ័យ​ខ្លាច​ថា អា​បែត​ហ្នឹង​ពុល​ឲ្យ​សោះ ។ គឺ​យើង​បាន​ណែនាំ​គាត់ ឲ្យ​គាត់​ប្រញាប់​យក​កូន​គាត់​ដែល​គ្រុន​ក្ដៅ ហើយ​សង្ស័យ​គ្រុន​ឈាម គឺ​យក​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​សាធារណៈ​ហ្នឹង ឲ្យ​បាន​ទាន់​ពេល​វេលា ដើម្បី​ទទួល​ការព្យាបាល​ឲ្យ​បាន​សមស្រប»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ឌី ប៊ុនឆែម បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​គ្រុន​ឈាម​ដែល​ភាគ​ច្រើន​ជា​កុមារ​បាន​និង​កំពុងតែ​មក​សម្រាក​ ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​សៀមរាប​នោះ គឺ​មន្ទីរពេទ្យ​កុមារ​អង្គរ និង​មន្ទីរពេទ្យ​ជយវរ្ម័ន​ទី​៧ ដែល​ក្នុង​មួយ​អាទិត្យ​មាន​ចំនួន​ជាង​១០០​ករណី ៖ «តាម​ពិត​វា​មិន​ជា​ច្រើន​ទេ មិន​ជា​ឡើង​ខ្ពស់​ទេ»

មន្រ្តី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​បាន​ឲ្យ​ដឹង​ផងដែរ​ថា ចាប់តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ ការកើត​ជំងឺ​គ្រុន​ឈាម​នៅ​ទូទាំង​កម្ពុជា​មាន​ចំនួន​ជិត​៥​ពាន់​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​៤៣​នាក់ ហើយ​អ្នក​ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​នេះ​ភាគ​ច្រើន​ជាង​គេ​គឺ​កុមារ​ស្ថិត​នៅ ​ក្នុង​វ័យ​សិក្សា​ដែល​មាន​អាយុ​ពី ៩​ឆ្នាំ ទៅ ១៥​ឆ្នាំ និង​បន្ទាប់មក​គឺ​កុមារ​មាន​អាយុ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ។

លោក​បាន​បន្ត​ទៀត​ថា​ករណី​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុង​ឆ្នាំ​នេះ គឺ​មិន​មាន​សភាព​ខ្លាំងក្លា​គួរ​ឲ្យ​កត់សម្គាល់​ដូច​កាលពី​ឆ្នាំ​មុន​នោះ​ទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​គេ​នៅតែ​មាន​ការព្រួយ​បារម្ភ​ពីព្រោះ​ ជំងឺ​នេះ​បាន​និង​កំពុង​ធ្វើការ​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​ជិត​ខាង​ក្នុង​ តំបន់​មាន​ប្រទេស​ថៃ​និង​លាវ ។

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម លោក​វេជ្ជបណ្ឌិត ង៉ាន់ ចន្ថា បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​កម្ពុជា ជា​ពិសេស​ឪពុក​ម្តាយ​ដែល​មាន​កូន​តូចៗ ត្រូវ​មាន​ការប្រុង​ប្រយ័ត្ន​ថែទាំ​កូន​ចៅ​របស់​ខ្លួន ហើយ​បើ​ឃើញ​មាន​ការកើត​ជំងឺ​គ្រុន​ក្តៅ ដែល​សង្ស័យ​ថា​ជា​ជំងឺ​គ្រុន​ឈាម​នោះ​ត្រូវ​ប្រញាប់​ប្រញាល់​នាំ​កូន​មក​ ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់​ដោយ​កុំ​ទុក​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន ​ឯង​ឡើយ ពីព្រោះ​បើ​មាន​ការយឺតយ៉ាវ​មក​មិន​ទាន់​ពេលវេលា​ទេ មេរោគ​គ្រុន​ឈាម​អាច​នឹង​បណ្តាល​ឲ្យ​អ្នក​ជំងឺ​មាន​គ្រោះថ្នាក់​ស្លាប់​ បាត់បង់​ជីវិត ៕

Leave a Reply



ក្រៅប្រទេស

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​កាន់តែ​តានតឹង

ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ថៃ​មក​ទល់​នឹង​ពេល​នេះ​កាន់តែ​តានតឹង​ដោយ​ ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក សាម៉ាក់ ស៊ុនថរ៉ៈវេត នៅតែ​បន្ត​កាន់កាប់​វិមាន​រដ្ឋាភិបាល​និង​ស្ពាន​ម៉ាក់ខាវ៉ាន់រ៉ាំងស៊ិត នៅ​ទល់​មុខ​អគារ​អង្គការ​សហប្រជាជាតិ កណ្តាល​ទីក្រុង​បាងកក​ត​ទៅ​ទៀត ។
កាលពី​ម្សិលមិញ​ក្រុម​ប៉ូលិស​ជាង​មួយ​ពាន់​នាក់​បាន​ប្រើ​ដំបង​និង​ខែល​ គ្រប់​ដៃ ចែក​ជា​ច្រើន​ក្រុម ព្យាយាម​បំបែក​ក្រុម​អ្នក​តវ៉ា​នៅ​ច្រក​ទ្វារ​ទាំង​៧​នៃ​វិមាន​រដ្ឋាភិបាល ។
ការប៉ះទង្គិច​គ្នា​រវាង​អ្នក​តវ៉ា​នៃ​ក្រុម​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​ លទ្ធិ​ប្រជាធិបតេយ្យ​និង​កម្លាំង​នគរបាល​លើក​នេះ​មាន​ការប្រើ​គ្រាប់បែក​ ផ្សែង និង​គ្រាប់​កាំភ្លើង​កៅស៊ូ​ដោយ​កង​កម្លាំង​ប៉ូលិស បណ្តាល​ឲ្យ​មាន​បាតុករ​រង​របួស ។ អំពើ​ហិង្សា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ក្រុម​សហជីព​នានា​សម្រេច​ចិត្ត​ចូលរួម​ ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល លោក សាម៉ាក់ លើក​នេះ​កាន់តែ​ច្រើន ។
សហជីព​កម្មករ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ថៃ Thai International Airways បាន​អំពាវនាវ​ឲ្យ​សមាជិក​ដើរ​ចេញ​ពី​ការងារ​ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ ​សម្ព័ន្ធភាព​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ។ក្រៅពី​នេះ​សហជីព​កម្មករ​រទេះ​ភ្លើង កម្មករ​រោងចក្រ​អគិ្គសនី កម្មករ​រោង​ចក្រ​ទឹកស្អាត ក៏​បាន​ប្រកាស​ចូលរួម​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី សាម៉ាក់ ស៊ុនថរ៉ៈវេត នេះ​ដែរ ។
លោក​នាយក​រដ្ឋមន្រ្តី​ថៃ​ដែល​ក៏​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ផង​នោះ បាន​ប្រកាស​ជំហរ​រឹងត្អឹង​មិន​ព្រម​ចុះចាញ់ ។
លោក​មាន​ប្រសាសន៍​ថា ៖ “..ខ្ញុំ​មិន​ថយ​ជា​ដាច់ខាត ពួក​បរទេស​គេ​កំពុង​ចាំមើល​ថា​តើ​ស្រុក​ថៃ​នឹង​ទៅ​ជា​យ៉ាងណា ? នឹង​ក្រឡាប់​ចក្រ​យ៉ាង​ណា ? ស្អប់ខ្ពើម​គ្នា​យ៉ាងណា ? តែ​ត្រូវ​ធ្វើ​តាម​ច្បាប់  ត្រូវ​យក​ខ្ញុំ​ចេញ​តាម​ច្បាប់… មក​ធ្វើ​របៀប​នេះ​មិន​បាន​ទេ ខ្មាស​គេ​ឯង ​ខ្មាស​ពិភពលោក…” ។
ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ក៏​មាន​ដំណឹង​ថា លោក​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ស្នើ​ឲ្យ​ប្រកាស​ភាព​អាសន្ន ក៏ប៉ុន្តែ​ខាង​លោក​ឧត្តមសេនីយ៍ […]

Full Story | សីហា 30th, 2008